Map

បាត់ដំបង ជាខេត្តជង្រុកស្រូវដ៏សំខាន់ជាងគេនៅទូទាំងព្រះរាជាណាចក្រកម្ពុជានិងជាតំបន់មានខ្ពង់រាបស្ថិតនៅជុំវិញបឹងទន្លេសាប សំបូរទៅដោយភោគផលធម្មជាតិជាច្រើន ។ ទោះបី ជាបងប្អូនប្រជាជនខេត្តបាត់ដំបងយើងបានឆ្លងកាត់នូវព្យុះសង្ឃរានៃប្រវត្តិសាស្រ្តដែលពោរពេញទៅដោយការឈឺចាប់ និង មហន្តរាយអស់រយះកាលជាច្រើនទសវត្សក៏ដោយខេត្តយើងនៅមានភ័ព្វសំណាងដោយនៅសេសសល់បេតិកភ័ណ្ឌប្រវត្តិសាស្រ្ត និង ធម្មជាតិសំរាប់ផ្តល់ជូន ភ្ញៀវទេសចរ ។ ជាក់ស្តែងប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត និង បា្រសាទស្នឹង ដែលមានអាយុកាលនៃការសាងសង់រាប់ពាន់ឆ្នាំមកហើយ ។
នៅពេលដែលយើងនឹកគិតអំពីធនធានទេសចរណ៍ធម្មជាតិ ខេត្តបាត់ដំបងសំបូរទៅដោយរមណីយដ្ឋានជាច្រើនដូចជា សេកសក ពពុះពេជ្រចិន្តា ចំលងគួយ

កោះស្នេហ៏ ជ្រលងបុព្វតា ល្អាងស្ពាន ភ្នំសំពៅ ភ្នំរំសាយសក់ ភ្នំក្តោង ភ្នំតាក្រាម ភ្នំអណើ្តក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភូមិអណ្តែតទឹក បន្ទាយសត្វ និងល្អាង បុរាណ ជាច្រើនទៀតដែលជាបេតិកភ័ណ្ឌធម្មជាតិរបស់ខេត្តយើង ។